រឿងទុំទាវ គឺជារឿងអក្សរសីល្ប៍ខ្មែរ ដែលក្នុងសាច់រឿងនេះបានកើតឡើងនៅក្នុងរាជ្យព្រះបរមិន្ទរាជា ក្នុងរាជធានីនៅលង្វែក ហើយតាមរយៈសាច់រឿង ទុំទាវ គឺបានកើតឡើងនៅភូមិ ពោធិ៍ជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សព្វថ្ងៃនេះ។ ដោយដើមពោធិ៍ “ទុំ” នៅម្ខាងផ្លូវជាតិលេខ ៧ និងដើមពោធិ៍ “ទាវ” នៅទល់មុខគ្នាចម្ងាយប្រហែល ៤០០ម៉ែត្រ។
បច្ចុប្បន្ននេះដើម ពោធិ៍ “ទុំ”អ្នកស្រុកបានធ្វើខ្ទមមួយនៅក្រោមដើមពោធិ៍និងមានរូបសំណាករូបអ្នកតា នៅក្នុងខ្ទមនោះ ហើយក៏ដាក់ឈ្មោះថា “ផ្ទះលោកតាក្រហមក” ។ ចំណែកឯដើមពោធិ៍ “ទាវ” វិញគេបានសង់ខ្ទមមួយដែរ ហើយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។
តែគួរឱ្យសោកស្តាយនៅល្ងាចថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជាបានជួបព្យុះភ្លៀងដ៏ធំស្ទើរគ្រប់ខេត្តក្រុង បង្ករឱ្យមានបញ្ហារលំដើមឈើ របើកផ្ទះសម្បែងប្រជាជនជាច្រើនកន្លែង។ កានតែគួរឱ្យរន្ធត់ចិត្តពេលនេះសូម្បីតែដើមពោធិមួយដើម ដែលប្រជាជនត្បូងឃ្មុំជឿថាជាដើមឈើប្រវត្តិស្នេហាទុំទាវ ក៏បានដួលរលំគួរឱ្យសោកស្តាយបំផុត។
តាមរយៈគណនីហ្វេសប៊ុក Bunkhai Veng បានបង្ហោះរូបភាព និងរៀបរាប់ថា ៖ « #បងប្អូនរស់នៅភូមិមង់ ឃុំមង់រៀវ និងរូបខ្ញុំពិតជាសោកស្ដាយណាស់😥😩 ដើមពោធិ៍ប្រវត្តិស្នេហ៍ទុំទាវ ត្រូវដួលដោយសារខ្យល់ភ្លៀងមួយមេធំ😥😩 ខ្យល់ចង្រៃប្រហារស្នាមស្នេហ៍ទុំទាវ🌳 » ។
ពិតជាគួរឱ្យសោកស្តាយណាស់ ដែលដើមឈើបែបប្រវត្តិស្នេហ៍ដែលប្រជាជនត្បូងឃ្មុំគោរពជឿមួយនេះបានបាត់បង់ដោយសារតែគ្រោះធម្មជាតិបែបនេះត្រឹមតែមួយបប្រិចភ្នែក៕