មានតែក្មេងជំនាន់៩០ទេស្គាល់! អនុស្សាវរីយ៍គុយទាវរទេះរុញ គោះត្រដោកឬស្សីហៅម៉ូយប៉ូកៗ

កាលពីជំនាន់ខ្ទង់៩០ អាហារដ្ឋានមិនមានភាពទំនើប ស៊ីវីល័យ និងមានរីកដុះផ្សិតច្រើនដូចសព្វថ្ងៃនេះឡើយ អាហារភាគច្រើនគឺការទូលលក់ ឬដាក់រទេះរុញតាមផ្ទះជាដើម។

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ និងមិនអាចបំភ្លេចបាននោះ គឺការលក់គុយទាវតាមរទេះរុញ ដោយការលក់ មិនមែនជាការស្រែកអំពាវនាវឡើយ នោះគឺការគោះត្រដោកប្ញស្សីតែម្តង។

តោះមកអានអត្ថបទទាក់ទងនឹងអនុស្សាវរិយ៍គុយទាវរទេះរុញ ដូចខាងក្រោម ៖

#អនុស្សាវរីយ៍គុយទាវរទេះរុញ គោះក្លក់ៗ

ខ្ញុំនឹកស្រមៃកាលនៅពីក្មេង ពេលយប់ឡើងនៅភ្នំពេញ នាតាមដងផ្លូវតែងតែឮសម្លេងអ្នកលក់គុយទាវរទេះ គោះប្ញស្សីប្លិកប្លក់ៗចេញជាបទគួរឱយចាប់អារម្មណ៍ណាស់ ។ តាមពិតទៅរទេះគុយទាវដែលឮសម្លេងគោះប្ញស្សីនោះមិនមែននៅក្បែរនេះទេ អាចនៅចម្ងាយដល់ទៅហាសិបម៉ែត្រឯណោះ ម្នាក់ជាអ្នកលក់ ឯម្នាក់ទៀតជាអ្នកដើរគោះ ហើយអ្នកគោះចេះតែដើរគោះក្រវែលជុំវិញទីនោះ ពេលយើងហៅបានគេទៅយកមកឱយ។ គុយទាវរទេះពេលខ្លះក៏ឆ្ងាញ់មិនចាញ់គុយទាវហាងដែរ ហើយថោកទៀត។

182859885_278054303998116_6639596658129722787_n


ក្រៅពីឮសម្លេងគោះប្ញស្សីរបស់អ្នកលក់គុយទាវរទេះ ពេលខ្លះក៏ឮសម្លេងអ្នកលក់នំខ្មែរដែរ ពួកគាត់មិនមានរទេះទេ ច្រើនតែទូលលក់បណ្តើរស្រែកបណ្តើរ សម្លេងស្រែកពពាយនាយគាត់ដូចបទកំណាព្យលាន់ល្វើយៗរណ្តំចុងជួនគ្នាពិរោះណាស់។ នំខ្មែរពេលយប់ច្រើនតែជានំផ្លែអាយ នំទ្រាប នំដំឡូងដុត(បាក់បិន) នំអន្សមចេក អន្សមខ្នុរ,,,។

181505293_278054273998119_5353193709526222818_n

ពេលព្រលឹមឡើង មិនមានគុយទាវរទេះលក់ទេ តែមានអ្នកលក់នំបុ័ងតាមកង់ យើងអាចទិញនំបុ័ងទទេក៏បាន ឬអាចទិញនំបុ័ងដាក់ស្ករផែនក៏បាន (ស្ករផែនគេកិនឱយហ្មត់ដូចម្សៅលាយល្ង)មួយកំណាត់ប្រាំកាក់ អ្នកលក់ជិះកង់បណ្តើរស្រែកបណ្តើរ នំបុ័ងៗ នំបុ័ងៗ ។ លុះដល់ពេលថ្ងៃមានចឹកម្នាក់ឧស្សាហ៍រែកតៅហ៊ូទឹកស្ករ និងបបរសណ្តែកលឿង (តៅស៊ាន់)មកលក់ គាត់លក់មួយចានប្រាំកាក់ និងមួយចានមួយរៀល៕

181531978_278054297331450_7008531326692265576_n

អត្ថបទដកស្រង់ពីលោក Tara Om

កែសម្រួលដោយ៖ ក្នុងស្រុក