លោក អីឡូន ម៉ាសក៍ (Elon Musk) គឺជាមហាសេដ្ឋីក៏ល្បីល្បាញរបស់អាមេរិកមួយរូប ដែលមានដើមកំណើតមកពីប្រទេសអាហ្រ្វិកខាងត្បូង។ បច្ចុប្បន្ន លោកមានក្រុមហ៊ុនល្បីៗនៅក្នុងដៃ ដូចជា SolarCity, SpaceX និង Tesla Motors ជាដើម ហើយដោយសារតែភាពជោគជ័យរបស់លោក ពេលនេះគាត់មានទ្រព្យសម្បត្តិជាច្រើននៅក្នុងដៃ ហើយលោកក៏ជាអនាគតនាំមនុស្សជាតិទៅឋានភពអង្គារទៀតផង។
តែមិននឹកស្មាននោះទេថា កាលពីជាង 70 ឆ្នាំមុន អ្នកវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់ម្នាក់បានព្យាករណ៍ថា នៅថ្ងៃអនាគតមនុស្សម្នាក់ដែលមានឈ្មោះ Elon នឹងដឹកនាំមនុស្សធ្វើបេសកកម្មដើម្បីដាក់អាណានិគមនៅលើភពអង្គារដូចដឹងអ៊ីចឹង។
តើអ្នកជឿលើព្រហ្មលិខិត ឬការទស្សន៍ទាយដែរឬទេ?
នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Space X មហាសេដ្ឋី Elon Musk បាននិយាយថា Space X នឹងនាំមនុស្សទៅកាន់ភពអង្គារនៅក្នុងឆ្នាំ 2026 ប្រសិនបើវាដំណើរការល្អនោះការចាប់ផ្ដើមគឺត្រឹមឆ្នាំ 2024 ប៉ុណ្ណោះ។ មនុស្សប្រៀបបាននឹងសត្វមួយប្រភេទដែលរស់នៅលើភពផែនដី ហើយគង់តែនឹងដាច់ពូជនៅថ្ងៃណាមួយជាក់ជាមិនខាន ដូចជាសត្វដទៃទៀតដែរ ខណៈដែលសព្វថ្ងៃនេះមនុស្សបានកំពុងតែបំផ្លាញភពផែនដីជារៀងរាល់ថ្ងៃ។ ដូច្នេះ Elon Musk អះអាងថា ការសង្គ្រោះតែមួយគត់សម្រាប់ជីវិតមនុស្សនៅលើផែនដីគឺស្ថិតនៅក្នុងការសម្រេចបាននូវអាណានិគមអវកាស។
ដោយសារតែការស្រឡាញ់និងចង់ជួយសង្គ្រោះពូជមនុស្ស ឱ្យរួចផុតពីការផុតពូជនោះ Elon Musk មានមហិច្ឆតានិងគោលបំណងដាក់អាណានិគមនៅលើភពអង្គារក្នុងពេលដ៏ខ្លីខាងមុខនេះ។ ឆន្ទៈផុសចេញពីការស្រឡាញ់បានធ្វើឱ្យ Elon Musk សម្រេចចិត្តបង្កើតក្រុមហ៊ុន Space X ហើយបានអភិវឌ្ឍន៍និងកសាងយានដែលជានាវាអវកាសត្រូវនាំមនុស្សហោះទៅកាន់ភពអង្គារ ហើយបានធ្វើតេស្តហោះសាកល្បងហោះជាបន្តបន្ទាប់ ប៉ុន្តែជាអកុសលគឺនាវាអវកាសទាំងនោះត្រូវបានទទួលបរាជ័យផ្ទុះឆេះខ្ទេចជាហូរហែ។
ទើបតែពេលថ្មីៗនេះ នាវាអវកាសរបស់ Space X ដែលមានឈ្មោះថា SN15 ធ្វើការបាញ់បង្ហោះសាកល្បង ហើយបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ដែលវាជាក្តីសង្ឃឹមមួយសម្រាប់អនាគតក្នុងដាក់អាណានិគមលើភពក្រហមដ៏ហួតហែងមួយនេះ។
បើយើងក្រឡេកទៅមើលអតីតកាលវិញប្រមាណជា 70 ឆ្នាំប្លាយមុនគឺនៅក្នុងទសវត្សរ៍ឆ្នាំ 1953 អ្នកវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះថា Wernher Von Braun លោកគឺជាអ្នកវិទ្យាសាស្ត្រដ៏សំខាន់ម្នាក់របស់ណាស៊ីអាល្លឺម៉ង់ លោកបានព្យាករណ៍ថា នៅថ្ងៃអនាគតមនុស្សម្នាក់ដែលមានឈ្មោះ "Elon" នឹងដឹកនាំមនុស្សធ្វើបេសកកម្មដើម្បីដាក់អាណានិគមនៅលើភពអង្គារ។ តើវាជារឿងចៃដន្យឬព្រហ្មលិខិត ខណៈដែលពេលថ្មីៗនេះ Elon Musk បាននិយាយថាគាត់គឺជាអធិរាជនៃភពអង្គារទៀតផង។ ចំពោះរឿងនេះតើអ្នកមានយោបល់យ៉ាងណាដែរ?
បកប្រែដោយ៖ Chamnan Nget
ប្រភព៖ ENTREPRENEUR