ជាទូទៅហ្វ្រាំងឡានគឺជាផ្នែកមួយយ៉ាងសំខាន់ដែលអ្នកគួរតែឆែកមើលវាជាញឹកញាប់ ព្រោះថាបើវាមានបញ្ហាអ្នកប្រាកដជាជួបគ្រោះថ្នាក់ដែលអាចឆក់យកជីវិតអ្នកបាន។
ទោះបីជាអ្នកគិតថាវានឹងមិនកើតឡើងចំពោះអ្នកក៏ដោយ ចូររៀបចំខ្លួនអ្នកសម្រាប់ស្ថានភាពបែបនេះដោយត្រូវចេះគ្រប់គ្រងសតិអារម្មណ៍កុំអោយភ័យតក់ស្លុត និងត្រូវចេះពីវិធីសង្គ្រោះខ្លួនឯងមួយចំនួនដូចជា៖
១. សូមព្យាយាមជាន់ហ្វ្រាំងម្តងទៀត
ប្រសិនបើអ្នកជាន់ហ្វ្រាំងម្តងហើយតែវាមិនដំណើរការ សូមអ្នកធ្វើការជាន់វាម្តងទៀតព្រោះរថយន្តភាគច្រើនបំពាក់ប្រព័ន្ធហ្វ្រាំងទ្វេ មានន័យថាប្រព័ន្ធហ្វ្រាំងមានដល់ទៅពីរ ហើយប្រសិនបើឡានរបស់អ្នកឈប់ដំណើរការភ្លាមៗនោះ បានន័យថាវាអាចបណ្តាលមកពីកត្តាមួយផ្នែកនៃប្រព័ន្ធនេះដែលវាដំណើរការមិនប្រក្រតី។ តាមរយៈការជាន់ហ្វ្រាំងអោយជាប់ហើយខ្លាំង ក៏អាចធ្វើឱ្យរថយន្តរបស់អ្នកបន្ថយល្បឿនរឺក៏ឈប់បានដែរ។
២. ប្រើហ្វ្រាំងដៃ
ប្រសិនបើហ្វ្រាំងជើងរបស់រថយន្តអ្នកមិនដំណើរការ អ្នកអាចប្រើហ្វ្រាំងដៃជំនួសបាន។ ហើយប្រសិនបើយានយន្តរបស់អ្នកមានឈ្នាន់ហ្វ្រាំងបន្ទាន់សូមជាន់លើឈ្នាន់ហ្វ្រាំងនោះរហូតទាល់តែឡានរបស់អ្នកឈប់ ព្រោះហ្វ្រាំងបន្ទាន់រថយន្តរបស់អ្នកត្រូវបានគេដាក់អោយវាធ្វើការដោយឡែកពីហ្វ្រាំងចម្បង។
៣. បើកចេញពីផ្លូវ
បើកឡានរបស់អ្នកចេញពីផ្លូវដោយសុវត្ថិភាពតាមដែលអ្នកអាចធ្វើបាន។ ប្រសិនបើអ្នកនៅលើផ្លូវហាយវេសូមព្យាយាមផ្លាស់ទីរថយន្តរបស់អ្នកអោយទៅផ្លូវខាងស្តាំដោយសុវត្ថិភាព រឺជិះទៅកន្លែងដែលស្ងាត់ណាមួយ ដោយកំណត់ទិសដៅរបស់អ្នកហើយប្រយ័ត្នចរាចរណ៍ជុំវិញខ្លួនផងនៅពេលដែលអ្នកបើកចេញពីផ្លូវ។ ហើយអ្វីដែលសំខាន់ដែលអ្នកគួរតែធ្វើគឺបើកភ្លើងស៊ីញ៉ូសងខាង ដើម្បីអោយអ្នកដទៃដឹងថាឡានរបស់អ្នកមានបញ្ហា។
៤. ពន្លត់ឡានរបស់អ្នក
ទោះបីជាវាហាក់ដូចជាគំនិតល្អក្នុងការពន្លត់រថយន្តរបស់អ្នកដើម្បីបន្ថយល្បឿនក៏ដោយ តែការធ្វើដូច្នេះអាចបង្កគ្រោះថ្នាក់បានដូចគ្នា។ ក្នុងករណីនេះដៃចង្កូតរបស់រថយន្តអ្នកនឹងត្រូវបិទដែលអាចបង្កការលំបាកសម្រាប់អ្នកក្នុងការកាច់ចង្កូតយានយន្ត លើសពីនេះទៀតការដកកូនសោចេញពីការរថយន្តរបស់អ្នកអាចបណ្តាលឱ្យដៃចង្កូតជាប់ ប៉ុន្តែអ្នកអាចធ្វើវាបាន ពេលដែលអ្នកទៅដល់កន្លែងស្ងាត់និងបានត្រៀមខ្លួនរួចរាល់សម្រាប់ការពន្លត់ឡាននេះ។
៥ .ទូរស័ព្ទទៅប៉ូលិស
ជាការពិតណាស់ លើសពីនេះទៀតកុំស្ទាក់ស្ទើរអោយសោះក្នុងការទូរស័ព្ទទៅរកប៉ូលីសសម្រាប់ជំនួយ ព្រោះប៉ូលីសអាចជួយទាក់ទងជាមួយក្រុមហ៊ុនអូសឡានអោយអ្នកបាន ហើយធានាថាអ្នកនឹងមានសុវត្ថិភាពរហូតដល់ឡានអូសនោះមកដល់។ បន្ទាប់ពីឡានអូសមកដល់ ពួកគេប្រាកដជាជួយបញ្ឈប់ឡានរបស់អ្នកដោយប្រើវិធីផ្សេងៗតាមដែលពួកគេអាចធ្វើបាន រួចក៏អូសឡានរបស់អ្នកទៅទីតាំងសុវត្ថិភាពរឺកន្លែងជួសជុលរថយន្តជាដើម៕
ប្រភព៖ បរទេស