ប្រទេស Ethiopia គឺជាប្រទេសមួយដែលបានផ្តាច់ខ្លួនចេញពីប្រទេសអាហ្រ្វិក ដោយមានទីតាំងស្ថិតនៅក្នុងតំបន់ស្នែងនៃទ្វីបអាហ្រ្វិករវាង Djibouti, Eritrea, Kenya, Somalia, South Sudan, Sudan, និង Somaliland។ ប្រទេស Ethiopia អាចនិយាយបានថា គឺជាបេះដូងនៃអាហ្វ្រិកខាងកើត ដែលវាមានភាពល្បីល្បាញដោយសារតែកាហ្វេ, ទេសភាពធម្មជាតិដ៏អស្ចារ្យ និងប្រពៃណីគ្រិស្តអូស្សូដក់ដែលគួរអោយទាក់ទាញ ។
មិនថាអ្នកមានគម្រោងទៅលេងប្រទេស Ethiopia ឬគ្រាន់តែចង់ដឹងអំពីប្រទេសមួយក្នុងចំណោមប្រទេសដែលគួរអោយចាប់អារម្មណ៍និងស្រស់ស្អាតបំផុតរបស់ទ្វីបអាហ្រ្វិកក៏ដោយ ខាងក្រោមនេះគឺជាបញ្ជីដែលយើងបានចងក្រងទុកដើម្បីយកមកបង្ហាញអ្នកទាំងអស់គ្នាអំពីរឿងពិត៧យ៉ាងដែលកើតឡើងនៅក្នុងប្រទេសមួយនេះ។
១.ប្រតិទិនរបស់ប្រទេស Etiophia នឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល
ជាការពិតណាស់ណាស់វប្បធម៌ជាច្រើនតែងតែមានប្រតិទិនរៀងៗខ្លួន ជាពិសេសសម្រាប់ធ្វើការសង្កេតទៅលើសាសនា ហើយភាគច្រើនមានតែរយៈពេល ១២ ខែ ។ ប៉ុន្តែគេសង្កេតឃើញថាប្រទេស Etiophia គឺខុសប្លែកពីគេ ពោលគឺប្រតិទិនរបស់ពួកគេមានរហូតទៅដល់ ១៣ ខែ ក្នុងមួយឆ្នាំ។ នេះជាហេតុធ្វើឱ្យប្រតិទិន Etiophia ដើរក្រោយពិភពលោកចំនួន ៧ ឆ្នាំឯណោះ ។
២. វាមានតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូច្រើនបំផុតនៅលើទ្វីបនេះ
ប្រទេស Ethiopia ជាប្រទេសដែលមានបេតិកភណ្ឌពិភពលោកច្រើនជាងគេបំផុតដោយយូណេស្កូ។ ដែលមានចំនួនសរុប ៩ ពោលគឺរាប់ចាប់ពីកន្លែងសាសនារហូតដល់តំបន់ធម្មជាតិ។ នៅក្នុងចំណោមនោះមានដូចជាឧទ្យានជាតិ Simien, វប្បធម៌ Konso និងព្រះវិហារដែលមានរាងដូចថ្មជាដើម។
៣.មានជាង៨០ភាសាដែលត្រូវបាននិយាយនៅក្នុងប្រទេសមួយនេះ
វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលនៅក្នុងទ្វីបអាហ្វ្រិកភាគច្រើនគឺជាកន្លែងដែលមានភាសាខុសគ្នាច្រើនបំផុតនៅលើភពផែនដី ហើយប្រទេស Ethiopia មានរហូតទៅដល់ជាង ៨០ ភាសាឯណោះ ដោយក្នុងនោះភាសាអង់គ្លេសគឺបានចាត់ចូលជាភាសានៃប្រព័ន្ធអប់រំ ជាមួយហ្នឹងភាសាមួយចំនួនទៀតដូចជា៖ Oromo, Amharic, Somali និង Tigrinya ជាដើម។
៤. ភ្នំជាងពាក់កណ្តាលនៃទ្វីបអាហ្រ្វិកស្ថិតនៅក្នុងប្រទេសមួយនេះ
ក្រៅពីសារៈសំខាន់ខាងវប្បធម៌និងប្រវត្តិសាស្ត្រ , មិនគួរឱ្យជឿថាប្រទេសមួយនេះគឺសម្បូរទៅដោយសម្រស់ធម្មជាតិជាច្រើនដូចជា ភ្នំ, វាលខ្សាច់ទាបៗ និង ភ្នំភ្លើងជាដើម។ ហើយអ្វីដែលពិសេសនោះគឺ តាមពិតភ្នំ ៧០% នៅទ្វីបអាហ្វ្រិកសុទ្ធតែស្ថិតនៅក្នុងប្រទេស Ethiopia ទាំងអស់។
៥. ជាជនជាតិអាហ្វ្រិកដំបូងគេដែលបានឈ្នះមេដាយមាសអូឡាំពិក
Abebe Bikila ជាអ្នករត់ម៉ារ៉ាតុងរបស់ Ethiopia គឺជាជនជាតិអាហ្វ្រិកដំបូងគេដែលបានទទួលមេដាយមាសអូឡាំពិក។ គាត់បានឈ្នះរង្វាន់ដ៏អស្ចារ្យនេះក្នុងឆ្នាំ ១៩៦០ នៅទីក្រុងរ៉ូមដែលធ្វើអោយពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនត្រឹមតែបានឈ្នះនៅក្នុងកំណត់ត្រាពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏រត់ដោយជើងទទេផងដែរ! ហើយបួនឆ្នាំក្រោយគាត់ក៏បានឈ្នះម្តងទៀតនៅទីក្រុងតូក្យូ ។
៦. ជាប្រទេសចំណាស់ជាងគេនៅក្នុងទ្វីបអាហ្វ្រិក
បង្កើតឡើងដំបូងក្នុងឆ្នាំ ៩៨០ មុនគ.ស Ethiopia គឺជាប្រទេសឯករាជ្យចំណាស់ជាងគេបំផុតនៅក្នុងទ្វីបនេះ។ លើសពីនេះទៀតប្រទេស Ethiopia មានសំណល់នៃមនុស្សបុរាណមួយចំនួននៅលើផែនដីដែលមានអាយុកាលរាប់លានឆ្នាំមកហើយ ដែលធ្វើឱ្យវាក្លាយជាតំបន់បុរាណវិទ្យាដ៏សំខាន់បំផុតមួយនៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែវាក៏ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២ ផងដែរ ពោលគឺមានប្រជាជនសរុបជាង ១០៦ លាននាក់។
៧. ប្រទេសមួយនេះមិនដែលមានអាណានិគមទេ
ក្នុងចំណោមប្រទេសទាំង ៥៤ នៅទ្វីបអាហ្វ្រិកប្រទេស Ethiopia គឺជាប្រទេសតែមួយគត់ដែលមិនធ្លាប់មានអាណានិគម។ នៅទសវត្សឆ្នាំ ១៩៣០ ជនជាតិអ៊ីតាលីបានព្យាយាមធ្វើអាណានិគមលើប្រទេសមួយនេះដែរ ហើយថែមទាំងកាន់កាប់ប្រទេសនេះអស់រយៈពេល ៦ ឆ្នាំទៀតផង។ តែទោះជាយ៉ាងណាក៏ដោយពួកគេមិនដែលគ្រប់គ្រងប្រទេសមួយនេះបានពេញលេញនោះទេ ហើយទីបំផុតពួកគេក៏ខាតបង់ថែមទៀតផង ៕
ប្រភព: បរទេស