ប្រទេសចិន គឺជាប្រទេសមួយ ដែលមានទឹកដីធំទូលាយ និងប្រជាជនរស់នៅច្រើនជាងគេ។ ប្រទេសមួយនេះពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាត បច្ចេកវិទ្យាទំនើប វប្បធម៌ និង ប្រពៃណីគួរអោយចាប់អារម្មណ៍ជាច្រើន ឧទាហរណ៍ដូចជា ការព្យួរមឈូសនៅតាមជញ្ចាំងថ្មនោះអញ្ជឹង។
ការព្យួរមឈូស គឺជាប្រពៃណីមួយដែលត្រូវបានគេកត់សម្គាល់ឃើញថាមាននៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសចិន ហើយវានៅតែបន្តមានរហូតមកដល់សព្វថ្ងៃនេះ។
យោងទៅតាមអ្នកជំនាញបានបញ្ជាក់ថា មឈូសទាំងអស់នេះជារបស់ប្រជាជន Bo និង Guyue ពីបុរាណ (ជិត ៣០០០ ឆ្នាំមកហើយ) ដោយពួកគេមិនដែលកប់ឬដុតសាកសពរបស់ពួកគេនោះទេ ប៉ុន្តែផ្ទុយទៅវិញបែរជាយកសាកសពទាំងអស់នោះមកព្យួរនៅច្រាំងថ្មចោទនិងនៅតាមជន្លងភ្នំខ្ពស់ៗទៅវិញ។
ទោះជាយ៉ាងណាក៏ដោយទំនៀមទំលាប់បញ្ចុះសពចំលែកនេះមិនត្រឹមតែមាននៅក្នុងចំណោមប្រជាជន Bo ឬ Guyue នៃប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែទំនៀមទំលាប់នេះក៏ត្រូវបានអនុវត្តដោយក្រុមជនជាតិភាគតិចដទៃទៀត ដែលរស់នៅក្នុងប្រទេសអាស៊ីដូចជា ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីជាដើម ។
តាមពិតទៅគ្មាននរណាម្នាក់ដឹងអំពីមូលហេតុពិតនៅពីក្រោយទំនៀមទំលាប់នៃការបញ្ចុះសពដ៏ចម្លែកមួយនេះទេ ប៉ុន្តែអ្នកជំនាញបាននិយាយថាវាអាចបណ្តាលមកពី ប្រជាជនទាំងនោះគិតថាការព្យួរក្តារមឈូសបែបនេះ អាចធ្វើឱ្យអ្នកស្លាប់បានទៅដល់ឋានសួគ៌។
ប៉ុន្តែនេះគ្រាន់តែជាការគិតរបស់អ្នកជំនាញតែប៉ុណ្ណោះទេ ដោយមិនមានព័ត៌មានណាមួយជាក់ស្តែង ឬបកស្រាយថាវាជារឿងពិតឡើយ ហើយម្យ៉ាងទៀតមានគេនិយាយតៗគ្នាថា ការធ្វើបែបនេះអាចមកពីអ្នកនៅសម័យបុរាណជឿទៅលើធម្មជាតិ ហើយគិតថាព្រលឹងល្អគឺជាព្រលឹងដែលរស់នៅក្នុងធម្មជាតិ។
ទោះបីវាជារឿងដែលកើតឡើងយូរហើយក្តី ប៉ុន្តែប្រពៃណីបញ្ចុះសព ដែលមានអាយុកាលដ៏ចំណាស់មួយនេះនៅតែជាចម្ងល់របស់ប្រជាជនទូទៅ ។ ហើយដោយសារតែមាន១៣១ មឈូសដែលព្យួរនៅតាមច្រាំងថ្មចោទៗនៃភាគខាងត្បូងប្រទេសចិន វាបណ្តាលអោយមានភ្ញៀវទេសចរណ៍មួយចំនួនសម្រេចចិត្តទៅទស្សនាដោយផ្ទាល់ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺនៅពេលដែលពួកគេទៅដល់ វាមិនមែនត្រឹមតែមឈូសធម្មតានោះទេ ប៉ុន្តែក៏មានលលាដ៍ក្បាលរបស់មនុស្សដែលនៅជាប់នឹងមឈូសនោះដែរ ៕
ប្រភព:បរទេស