អ៊ីស្រាអែលគឺជាប្រទេសមជ្ឈឹមបូព៌ាដែលស្ថិតនៅលើសមុទ្រមេឌីទែរ៉ាណេនិងសមុទ្រក្រហម។ វាគឺជាប្រទេសតូចមួយ ដែលពោរពេញទៅដោយហេតុការណ៍និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍។ ខណៈពេលដែលប្រទេសជាច្រើនបាត់បង់ព្រៃឈើ អ៊ីស្រាអែលគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលបច្ចុប្បន្នមានដើមឈើច្រើនជាងកាលពី ៥០ឆ្នាំមុនទៅទៀត។
ហើយប្រសិនបើអ្នកចង់ដឹងថាប្រទេសមួយនេះមានរឿងគួរឲ្យចាប់អារម្មណ៍យ៉ាងណាខ្លះនោះ សូមអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា!
១. អ៊ីស្រាអែលជាកន្លែងដែលមានចំណុចទាបបំផុតនៅលើផែនដី
សមុទ្រ (Dead Sea) របស់អ៊ីស្រាអែលស្ថិតនៅ ៤២០ម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រ ដែលវាគឺជាចំណុចទាបបំផុតនៅលើផែនដីនេះ។ ដោយសារតែបរិមាណអំបិលក្នុងទឹកសមុទ្រមួយនេះមានលក្ខណៈប្រៃជាងមហាសមុទ្រជិតដប់ដង ដូច្នេះវាបណ្តាលអោយអ្នកអាចអណ្តែតបាននៅលើទឹកដោយមិនចាំបាច់ហែល។ ម្យ៉ាងទៀតដោយសារតែវាមានជាតិប្រៃខ្ពស់ពេកដូចនេះហើយមិនមានសត្វណាដែលអាចអាចរស់នៅក្នុងទឹកសមុទ្រនេះបានទេ។
២. អ៊ីស្រាអែលមានសារមន្ទីរជាច្រើន
អ៊ីស្រាអែលគឺជាកន្លែងមួយដ៏ល្អសម្រាប់តម្កល់ទុកឯកសារប្រវត្តិសាស្ត្រ ព្រោះប្រទេសនេះមានសារមន្ទីរច្រើនជាងគេនៅលើពិភពលោក។ យោងតាមឯកសារបានអោយដឹងថានៅអ៊ីស្រាអែលមានសារមន្ទីរសរុបជាង ២៣០ ដែលត្រូវបានដាក់ទៅតាមប្រធានបទគ្រប់ប្រភេទដូចជា៖ សិល្បៈ, វិទ្យាសាស្ត្រ, ប្រវត្តិសាស្រ្ត, ការរចនាស្ថាបត្យកម្ម, បច្ចេកវិទ្យានិងកីឡាជាដើម។
៣. អ៊ីស្រាអែលមានកន្លែងងូតទឹកធំជាងគេទី ២ នៅចក្រភពរ៉ូម
ធ្វើដំណើរទៅដល់ Hamat Gader ដែលមានទីតាំងស្ថិតនៅក្នុងជ្រលងដងទន្លេ Yarmouk អ្នកនឹងឃើញអាងងូតទឹករ៉ូម៉ាំងបុរាណដែលមានអាយុកាលតាំងពីសតវត្សរ៍ទី ២ មកម្ល៉េះ។ វាត្រូវបានគេអះអាងថាជាកន្លែងងូតទឹកធំជាងគេទី ២ នៅចក្រភពរ៉ូមទាំងមូល ហើយសព្វថ្ងៃនេះវាបានក្លាយទៅជាកន្លែងស្ប៉ាដ៏ធំបំផុតរបស់អ៊ីស្រាអែលដែលអ្នកអាចទស្សនាអាចរីករាយជាមួយអាងហែលទឹកកំដៅមួយនេះនិងថែមទាំងអាចទស្សនាកសិដ្ឋានចិញ្ចឹមក្រពើបានទៀតផង។
៤. ជញ្ជាំងយំទទួលបានកំណត់ត្រាច្រើនជាងមួយលានដងក្នុងមួយឆ្នាំ
ជញ្ជាំងខាងលិចនៅទីក្រុងចាស់នៃក្រុងយេរូសាឡិមត្រូវបានគេហៅថាជញ្ជាំងយំ។ វាជាកន្លែងសម្រាប់អធិស្ឋាននិងធ្វើសក្ការៈបូជារបស់ប្រជាជនជ្វីហ្វ។ ជាទូទៅពួកគេទៅកន្លែងនោះដើម្បីកាន់ទុក្ខ, យំ និងសោកសៅចំពោះការបំផ្លាញប្រាសាទនិងការបាត់បង់សេរីភាពជាតិដែលវាជានិមិត្តរូបរបស់ពួកគេ។ ហើយជារៀងរាល់ឆ្នាំអ្នកដែលទៅទស្សនាជញ្ជាំងគ្រើមនោះតែងតែបន្សល់ទុកនូវក្រដាសសរសេរដោយដៃរាប់លាននៅចន្លោះផ្ទាំងថ្មបុរាណទាំងនោះ។
៥. ក្រុងយេរូសាឡិមរបស់អ៊ីស្រាអែលមានទីតាំងបុរាណវិទ្យាជាង ២០០០ កន្លែង
ទីក្រុងយេរូសាឡិមរបស់អ៊ីស្រាអែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១០១០ ម.គ។ ប៉ុន្តែមានភស្ដុតាងដែលបញ្ជាក់ថាការរស់នៅទីនោះមានតាំងពីឆ្នាំ ៤៥០០ មុនគ.ស មកម្ល៉េះ។ វាមានន័យថាប្រជាជននៅទីនោះបានបន្តរស់នៅក្នុងក្រុងយេរូសាឡិមអស់រយៈពេលជាង ៦.៥០០ ឆ្នាំមកហើយ។ ជាលទ្ធផលនៃប្រវត្តិសាស្ត្រដ៏យូរលង់របស់វាគេបានរកឃើញថានៅក្រុងយេរូសាឡិមមានទីតាំងបុរាណវិទ្យាជាង ២០០០ កន្លែងឯណោះ ៕
ប្រភព: បរទេស