ប្រវត្តិរបស់ អគារខ្មោចនៅប្រទេសថៃ ដែលត្រូវបានគេបោះបង់ចោល (Sathorn Tower)

អគារសាថន ឬភាគច្រើនត្រូវបានគេស្គាល់ថាអគារខ្មោច គឺជាកន្លែងមួយដែលមានភាពល្បីល្បាញខ្លាំងមែនទែន។ អគារមួយនេះត្រូវបានគេបោះបង់ចោលតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ហើយមូលហេតុ គឺដោយសារតែព្រឹត្តិការណ៍វិបត្តិហិរញ្ញវត្ថុដែលនាំឲ្យសេដ្ធកិច្ចប្រទេសថៃធ្លាក់ដុនដាបយ៉ាងខ្លាំងកាលជំនាន់នោះ។

បើទោះបីជាវិបត្តិមួយនេះត្រូវបានបញ្ចប់ទៅហើយក្តី ប៉ុន្តែអគារមួយនេះក៏ត្រូវបានគេទុកចោល និងគ្មានអ្នកមកស្ថាបនាបន្តទេ។ រហូតមកដល់សព្វថ្ងៃនេះ វាក៏បានក្លាយទៅជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយពីសំណាក់ជនជាតិថៃ និងអ្នកទេសចរណ៍ជាដើម។

 

A1

បើនិយាយត្រឡប់ទៅរកឆ្នាំ ១៩៩០វិញ លោក រុំាងសាន តស៊ួវ៉ាន គឺជាស្ថាបត្យករថៃម្នាក់ដែលគាត់មានមហិច្ចតាចង់កសាងខុនដូដ៏ស៊ីវីល័យមួយនេះនៅក្នុងទីក្រុងបាងកក ប៉ុន្តែសុបិន្តរបស់គាត់ក៏ត្រូវបានបំផ្លាញនៅក្នុងឆ្នាំ១៩៩៣ ក្រោយពេលដែលលោកត្រូវបានគេចាប់ខ្លួនពីបទប៉ុនប៉ងសម្លាប់ប្រធានតុលាការកំពូលម្នាក់។

កំឡុងពេលនោះអគារសាថនត្រូវបានសាងសង់ប្រហែល ៨០% ហើយ ប៉ុន្តែត្រូវបានបញ្ឃប់វិញ បន្ទាប់ពីរងឥទ្ធិពលវិបត្តិហិរញ្ញវត្ថុនៅក្នុងឆ្នាំ១៩៩៧ ដោយសារការប៉ះទង្គិចវិស័យសេដ្ធកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យអ្នកវិនិយោគទុន អ្នករកស៊ីក្ស័យធនគ្រប់ទិសទី។

 

A2

ប្រទេសថៃតែងតែមានជំនឿទាក់ទងនឹងរឿងអរូប ព្រលឹង និងខ្មោចជាដើម ដូចនេះហើយក៏កើតមានការនិយាយតៗគ្នាថាធ្លាប់មានខ្មោចលង ឬមានអ្នកខ្លះអះអាងថាអគារនេះត្រូវបានសាងសង់ឡើងនៅលើផ្នូរខ្មោច ដែលជាហេតុនាំឲ្យជាប់បណ្តាសារបែបនេះ។


អ្វីដែលកាន់តែគួរឲ្យខ្លាចនោះគឺកាលពីខែធ្នូ ឆ្នាំ២០១៤ មានជនជាតិស្វីសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅលើជាន់ទី៤៣ ហើយសាកសពរបស់គាត់ត្រូវបានប្រទះឃើញដោយអ្នកថតរូបជនជាតិថៃម្នាក់នៅពេលគាត់លួចឡើងទៅថតរូបថ្ងៃលិច។

 

A3

ពាក្យចចារអារាមផ្សេងៗដែលទាក់ទងនឹងរឿងខ្មោចនេះគឺនៅតែបន្តកើតមានឡើងហើយក៏គ្មាននរណាដឹងប្រាកដដែរថាវាជាពាក្យពិតឬប្រឌិតនោះទេ។ យ៉ាងណាមិញ ដោយសារតែភាពអនាធិបតេយ្យក្នុងការចេញចូលអគារនេះពេក កូនប្រុសរបស់លោករុំាងសាន តស៊ួវ៉ានក៏បានសម្រេចចិត្តដាក់ច្បាប់ហាមប្រាមមិនឲ្យមានការចេញចូលសេរីដូចមុនទៀតឡើយ ហើយអ្នកដែលបំពាននឹងត្រូវកាត់ទោសតាមផ្លូវច្បាប់ ៕

 

A4

 

 

 ប្រភព : បរទេស