វាជាការចាំបាច់ណាស់សម្រាប់ជនបរទេសដែលត្រូវដឹងនិងរៀនសូត្រអំពីវិន័យមូលដ្ឋានមុននឹងទៅនៅក្នុងប្រទេសថ្មីណាមួយ។ ការធ្វើដូច្នេះនឹងជួយអ្នកអោយដឹងអំពីទំនៀមទម្លាប់, វប្បធម៌, ប្រពៃណី និងដើម្បីជួយដល់ជីវិតប្រចាំថ្ងៃរបស់អ្នកជាដើម ។
ប្រទេសកូរ៉េ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពចម្រុះជាងគេបំផុតនៅលើពិភពលោក។ តោះមកស្វែងយល់ពីរឿងមួយចំនួនដែលអ្នកគួរតែជៀសវាងធ្វើដើម្បីកុំអោយគេគិតថាអ្នកជាមនុស្សឈ្លើយនៅក្នុងប្រទេសកូរ៉េ។
១. ក្មេងកុំញាំមុនមនុស្សចាស់
សូមចាំថានៅលើតុអាហារ អ្នកអាចចាប់ផ្តើមញ៉ាំបាន នៅពេលដែលមនុស្សអាយុចាស់ចាប់ផ្តើមញ៉ាំមុន។ ឋានានុក្រម គឺជាផ្នែកសំខាន់មួយនៃវប្បធម៌របស់ពួកគេ ហើយការញាំមុនមនុស្សចាស់ត្រូវបានគេចាត់គេទុកថាជាអាកប្បកិរិយាឈ្លើយនិងមិនសមរម្យ។ សូម្បីតែពេលញ៉ាំអាហារជាមួយមិត្តរួមការងារ ឬអ្នកស្គាល់គ្នាក៏ដោយ អ្នកត្រូវរង់ចាំអោយអ្នកដែលមានអាយុបងរឺចាស់ជាងញ៉ាំមុន។
២.កុំចាកចេញពីតុបរិភោគអាហារប្រសិនបើអ្នករួមតុញាំមិនទាន់រួច
ការប្រព្រឹត្តខុសមួយទៀតនោះគឺការចាកចេញពីតុអាហារ នៅក្នុងពេលទទួលទានអាហារ ឬពេលដែលសមាជិករួមតុមិនទាន់បានបរិភោគរួច។ នៅក្នុងវប្បធម៌កូរ៉េ ការបរិភោគអាហារគឺមានលក្ខណៈរួម ប៉ុន្តែ ប្រសិនបើអ្នកត្រូវចាកចេញបន្ទាន់ គឺត្រូវសុំទោស និងពន្យល់ពីហេតុផលទៅដល់រៀមច្បងនៅក្នុងក្រុម។
៣. ប្រយ័ត្នពីការប្រើប្រាស់ដៃរបស់អ្នក
វិធីចាប់ដៃគ្នាឱ្យបានត្រឹមត្រូវនៅកូរ៉េខាងត្បូង គឺប្រើដៃទាំងសងខាង ឬដាក់ដៃឆ្វេងលើដៃស្តាំ ហើយអោនក្បាលបន្តិចដើម្បីឱ្យមានកាយវិការគួរសម។ ការចាប់ដៃដោយប្រើដៃតែម្ខាងត្រូវបានចាត់ទុកថាមិនគួរសម ហើយអ្នកគួរតែជៀសវាងក្នុងការធ្វើបែបនេះ។ សម្រាប់ជនបរទេស ដែលមិនចង់ប្រើដៃទាំងពីរ មានវិធីមួយទៀតដែលពួកគេអាចធ្វើបានគឺដោយដាក់ដៃឆ្វេងលើ ក ដៃស្តាំ។ ហើយម្យ៉ាងទៀតនៅពេលចាក់ ឬ ទទួលភេសជ្ជៈក៏គេធ្វើបែបនេះដូចគ្នាដែរ។
៤. កុំសរសេរឈ្មោះរបស់មនុស្សដោយទឹកថ្នាំពណ៌ក្រហម
សកម្មភាពដែលគួរឱ្យស្អប់ខ្ពើមបំផុតមួយ ដែលអ្នកមិនអាចធ្វើបាននៅក្នុងប្រទេសកូរ៉េ គឺការសរសេរឈ្មោះរបស់នរណាម្នាក់ដោយប្រើប៊ិចពណ៌ក្រហម ព្រោះវាមានន័យថាមនុស្សបានស្លាប់ទៅហើយ។ ហើយប្រសិនបើបុគ្គលនោះមិនទាន់ស្លាប់ នោះការសរសេរឈ្មោះដោយប្រើទឹកថ្នាំពណ៌ក្រហមនឹងមានន័យថាដាក់បណ្តាសារសូមឱ្យម្នាក់នោះឆាប់ស្លាប់ ដូច្នេះសូមអ្នកកុំសរសេរឈ្មោះជាភាសាកូរ៉េក្នុងទឹកថ្នាំពណ៌ក្រហមឱ្យសោះ។
៥. កុំដោតចង្កឹះត្រង់ក្នុងចានបាយ
ក្នុងអំឡុងពេលទទួលទានអាហារ អ្នកមិនត្រូវយកចង្កឹះដោតនៅក្នុងចានបាយឡើយ។ មូលហេតុនោះគឺ គេគិតថាការធ្វើបែបនេះគឺជាអាហារសម្រាប់វិញ្ញាណខ្មោច ព្រោះនៅក្នុងពិធីបុណ្យសពរបស់ជនជាតិអាស៊ី មនុស្សគ្រប់រូបតែងតែអុជធូប និងយកទៅដាក់បញ្ឈរនៅក្នុងខ្សាច់ ហើយមានរូបរាងដូចពេលដែលអ្នកដោតចង្គឹះក្នុងចានបាយអញ្ចឹង។
បន្ថែមពីលើនេះទៅទៀត អ្នកមិនត្រូវចោះអាហារដោយប្រើចង្កឹះរបស់អ្នកនោះឡើយ ពោលគឺអ្នកអាចប្រើសមជំនួសបានប្រសិនបើអ្នកត្រូវការ។ ហើយម្យ៉ាងទៀតការប្រើដៃរបស់អ្នកដើម្បីចាប់ម្ហូបមិនថាដុំតូច ឬ ធំ ឡើយវាក៏ត្រូវបានគេចាត់ទុកថាជាទង្វើឈ្លើយដែរ ព្រោះជាទូទៅអ្នកត្រូវប្រើចង្កឹះរបស់អ្នកដើម្បីរើស។
៦. បង្វែរក្បាលទៅចំហៀងពេលផឹកស្រា
ក្រៅពីការប្រគល់ ឬទទួលយកភេសជ្ជៈពីជនជាតិកូរ៉េដោយប្រើទាំងដៃពីរ រឿងមួយទៀតដែលអ្នកត្រូវពិចារណានោះ គឺពេលកំពុងផឹកស្រា។ អ្នកមិនត្រូវមានទំនាក់ទំនងខ្សែភ្នែកជាមួយមនុស្សចាស់ជាងខ្លួននោះទេ ដើម្បីចៀសវាងការមិនគោរពពួកគេ។ ដូច្នេះដើម្បីបង្ហាញការគោរពរបស់មនុស្សម្នាក់ អ្នកត្រូវឱនក្បាល និងងាកក្បាលទៅចំហៀង នៅពេលផឹកនៅពីមុខមិត្តរួមការងារដែលមានវ័យចំណាស់ និងអ្នកមានឋានៈខ្ពស់ជាង។
៧. ពេលដែលត្រូវចាក់ស្រា
ប្រសិនបើអ្នកក្មេងជាងគេក្នុងក្រុម ឬ ជាអ្នកចំណូលថ្មីក្នុងក្រុម អ្នកត្រូវចាក់ស្រាអោយរៀមច្បង (ចងចាំប្រើដៃទាំងពីរ) ហើយអ្នកមិនត្រូវបដិសេធនោះទេប្រសិនបើរៀមច្បងអោយស្រាផឹក ព្រោះបើអ្នកមិនទទួលទេវាគឺជាអាកប្បកិរិយាឈ្លើយណាស់។
៨. កុំពាក់ស្បែកជើងរបស់អ្នកចូលក្នុងផ្ទះរបស់នរណាម្នាក់
នៅពេលទៅលេងផ្ទះរបស់អ្នកដទៃ សូមទុកស្បែកជើងរបស់អ្នកនៅមាត់ទ្វារ។ នេះក៏ព្រោះតែជនជាតិកូរ៉េនិយមគេង និង បរិភោគនៅលើឥដ្ឋ ហេតុដូចនេះហើយបានជាវាគឺជាការចាំបាច់ក្នុងការថែរក្សាឥដ្ឋឱ្យបានស្អាត ៕
ប្រភព : បរទេស