ប្រេស៊ីលគឺជាប្រទេសដែលមានភាពល្បីល្បាញខាងផ្នែកវប្បធម៌, ម្ហូបឆ្ងាញ់និងទេសភាពធម្មជាតិដ៏អស្ចារ្យ។ ប្រជាជាតិអាមេរិកខាងត្បូងដ៏ធំមួយនេះស្ថិតនៅក្នុងបញ្ជីដើរលេងរបស់ភ្ញៀវទេសចរណ៍ជាច្រើនហើយវាមិនមែនគ្មានហេតុផលនោះទេ។ មិនថាអ្នកមានគម្រោងទៅលេងនៅទីនោះរឺមិនទាន់បានទៅលេងក៏ដោយ តោះនាំគ្នាមកស្គាល់កន្លែងល្បីៗរបស់ប្រទេសមួយនេះទាំងអស់គ្នា។
១. Christ the Redeemer
រូបចម្លាក់របស់ព្រះយេស៊ូគ្រីស្ទត្រូវបានគេសាងសង់នៅលើភ្នំ Corcovado ក្នុងព្រៃ Tijuca ។ រូបចម្លាក់ដ៏ធំសម្បើមនេះគឺជានិមិត្តរូបជាតិរបស់ប្រទេសប្រេស៊ីលនិងជានិមិត្តរូបដ៏លេចធ្លោបំផុតមួយនៅលើពិភពលោកផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេវាថែមទាំងត្រូវបានគេជ្រើសរើសជារូបចម្លាក់អច្ឆរិយៈមួយក្នុងចំណោមរូបចម្លាក់ផ្សេងទៀតទាំងប្រាំពីររបស់ពិភពលោកក្នុងនៅឆ្នាំ ២០០៧ ថែមទៀតផង។
២. São Paulo Cathedral
ជាមួយនឹងសមត្ថភាពផ្ទុកអ្នកគោរពបូជាបានរហូតទៅដល់ចំនួន ៨០០០ នាក់, វាគឺជាវិមានមួយក្នុងចំណោមវិមាននីរអូហ្គោសិក (neo-gothic )ធំបំផុតនៅលើពិភពលោក។ São Paulo Cathedral ទទួលបានភាពល្បីល្បាញដោយសារការពណ៌នាដ៏រស់រវើកនៃឈុតឆាកព្រះគម្ពីរនិងប្រវត្តិសាស្រ្តដ៏អស្ចារ្យដែលមាននៅខាងក្នុងនោះ។
៣. Selarón Steps
ជណ្តើរ Selarón ត្រូវបានឆ្លាក់ដោយវិចិត្រករជនជាតិឈីលីម្នាក់ឈ្មោះ Jorge Selarón ។ វាគឺជាកន្លែងដែលពេញនិយមនិងសំខាន់បំផុតរបស់ប្រេស៊ីល។ សញ្ញាសំគាល់នេះត្រូវបានបង្កើតឡើងដោយ ២១៥ជំហានជាមួយនឹងការរចនាដ៏ល្អិតល្អន់ដែលពួកគេចាត់ទុកវាជាការគោរពដល់ប្រជាជនប្រេស៊ីល ហើយវាមានជាង ២.០០០ ក្បឿងឯណោះដែលបានប្រមូលមកពី ៦០+ ប្រទេសជុំវិញពិភពលោក។
៤. Sugarloaf Mountain
Sugarloaf Mountain គឺជាវិមានធម្មជាតិមួយដែលត្រូវបានគេទទួលស្គាល់នៅជុំវិញពិភពលោក។ វាឈរនៅកម្ពស់ ៣៩៦ ម៉ែត្រឬ ១.៣០០ហ្វីត ហើយដោយសារតែវាជាកំពូលភ្នំដ៏ធំសម្បើមមួយ ហេតុនេះហើយវាអាចផ្តល់នូវទេសភាពដ៏អស្ចារ្យនៃឆ្នេរ Copacabana និងទេសភាពពីលើអាកាសនៃឆ្នេរសមុទ្រផ្សេងៗទៀតនៅជុំវិញនោះផងដែរ។
៥. Teatro Amazonas
Teatro Amazonas គឺជាសញ្ញាសំគាល់ប្រវត្តិសាស្ត្រដ៏ធំសម្បើមមួយ ដែលត្រូវបានគេចំណាយពេលជិត ២០ ឆ្នាំដើម្បីសាងសង់វាឡើង ហើយវាមានភាពល្បីល្បាញជាខ្លាំងដោយសារតែរចនាបថដ៏រស់រវើក និងពណ៌គួរអោយទាក់ទាញរបស់វា។ ចាប់តាំងពីថ្ងៃបើកសម្ពោធនៅឆ្នាំ ១៨៩៦ វានៅតែជាអាគារតែមួយគត់ដែលស្រស់ស្អាតជាងគេនៅក្នុងប្រទេសប្រេស៊ីល ហើយសព្វថ្ងៃវាក្លាយទៅជាផ្ទះរបស់វង់ភ្លេង Amazonas Philharmonic Orchestra ថែមទៀតផង។
៦. Octávio Frias de Oliveira
ស្ពានព្យួរខ្សែដ៏ធំសម្បើមដែលត្រូវបានគេស្គាល់ថាជា Ponte Estaiada គឺជាកន្លែងដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសប្រេស៊ីល។ វាភ្ជាប់ផ្នែកម្ខាងនៃដងទន្លេ Pinheiros ដែលជានិមិត្តរូបនៃមេឃនិងទេសភាពទាំងមូលរបស់ទីក្រុងសៅប៉ូឡូ ហើយវាក៏ជាទីតាំងមួយសម្រាប់ការថតរូបដែលទទួលបានប្រជាប្រិយបំផុតរបស់ទីក្រុងផងដែរ។
៧. Bandeiras
មានទីតាំងស្ថិតនៅសួនឧទ្យាន Ibirapuera នៃទីក្រុងសៅប៉ូឡូ អ្នកនឹងបានឃើញវិមាន Bandeiras មួយនេះ។ វាបានសាងសង់បញ្ចប់នៅឆ្នាំ ១៩៥៤ ដោយជាងចម្លាក់អ៊ីតាលី - ប្រេស៊ីលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញគឺលោក Victor Brecheret ។ រូបចម្លាក់ថ្មក្រានីតដ៏ធំសម្បើមនេះ គឺជាវត្ថុមួយក្នុងចំណោមវត្ថុបុរាណល្អបំផុត ដែលវាពណ៌នាអំពីបុរសនិងស្ត្រីជនជាតិដើមភាគតិចរួមជាមួយអ្នកតាំងលំនៅព័រទុយហ្កាល់ ៕
ប្រភព : បរទេស