Takoyaki (たこ焼き) គឺជាអាហារតាមផ្លូវមួយប្រភេទរបស់ជនជាតិជប៉ុន ដែលទទួលបានការពេញនិយមខ្លាំងបំផុត។ វាគឺជាមុខម្ហូបដែលមានរូបរាងមូលដូចបាល់ ហើយខាងក្នុងមានស្នូលមឹក និងមានគ្រឿងរោយពីក្រៅដែរ។ ម្យ៉ាងទៀតវាគឺមានរសជាតិឆ្ងាញ់ណាស់រីឯវិធីធ្វើញុំាក៏មិនពិបាកនោះដែរ ខាងក្រោមនេះគឺជាវិធីធ្វើនំគ្រក់បែបជប៉ុនងាយៗដែលអ្នកអាចសាកល្បងធ្វើខ្លួនឯងបាន។
#គ្រឿងផ្សំ៖
•ម្ស៉ៅស្រូវសាឡីឬម្ស៉ៅ Takoyaki ២០០ក្រាម
•ស៊ុត ៣គ្រាប់
•ទឹកដោះគោ ២០មីលីលីត្រ
•ទឹកស្អាត ៦០០មីលីលីត្រ
•មឹកហាន់រួច ១៦០ក្រាម
•ស្លឹកខ្ទឹមហាន់រួច ២ដើម
•Tenkasu ៣០ក្រាម (កម្ទេចម្ស៉ៅបំពង Tempura)
•សារាយសមុទ្រក្រៀម
•Shoga (ជ្រក់ខ្ញីក្រហម)
•ទឹកជ្រលក់ Takoyaki
•ម៉ាយូណេស
•Katsuobushi (បន្ទះសាច់ត្រីស្តើងៗ)
•ប្រេងឆា
សម្ភារៈ៖
•អំបែងនំគ្រក់
•ឈើចាក់ដើម្បីប្រែនំគ្រក់
•ជក់
•ចានគោម
•វែកដួស
វិធីធ្វើ៖
១.ចាក់ម្សៅ ស៊ុត ទឹកដោះគោ និងទឹកស្អាតចូលគ្នា។
២.កូរល្បាយឲ្យសព្វ និងម៉ត់ល្អ។
៣.ប្រើជក់ដើម្បីលាបប្រេងឆាលើអំបែងនំគ្រក់ឲ្យសព្វ។
៤.ដួសល្បាយចាក់ចូលអំបែងនំគ្រក់ពាក់កណ្តាល (កុំឲ្យពេញ)។
៥.ដាក់មឹកដែលបានហាន់រួចនោះចូលទៅក្នុងល្បាយនំគ្រក់។
៦.រោយជ្រក់ខ្ញីក្រហមនិងស្លឹកខ្ទឹមដែលបានហាន់រួចតិចឬច្រើនតាមចំណូលចិត្ត។
៧.ចាក់ល្បាយដែលនៅសល់ចូលឲ្យរាងហៀរ។
៨.រង់ចាំប្រហែល១នាទី រួចចាប់ផ្តើមប្រែនំគ្រក់។
៩.ប្រើប្រាស់ឈើចាក់ដើម្បីប្រែនំគ្រក់ទៅវិញទៅមកឲ្យឆ្អិនសព្វ។
១០.បន្ទាប់ពីនំគ្រក់ឆ្អិនឡើងគ្រៀម អ្នកអាចចាប់វាមកដាក់លើចានបានហើយ រួចស្រោចទឹកម៉ាយូណេសនិងទឹកជ្រលក់ពីលើ ហើយរោយបន្ទះសាច់ត្រីស្តើងៗ(Katsuobushi) និងសារាយសមុទ្រក្រៀមពីលើជាការស្រេច៕
ប្រភព ៖ បរទេស