គាវ គឺជាអាហារមួយប្រភេទដែលងាយស្រួលក្នុងការធ្វើបំផុត ហើយនៅពេលដែលអ្នកធ្វើម្តងរួចហើយក៏អាចក្លាសេទុកលើកក្រោយបានដែរ។ ប៉ុន្តែអ្វីដែលពិបាកនោះគឺការលាយម្សៅដើម្បីធ្វើសម្បករុំពីក្រៅ ហើយដើម្បីបង្កើនភាពងាយស្រួលនោះអ្នកគ្រាន់តែរកទិញសម្បកគាវស្រាប់នៅតាមទីផ្សារក៏បានដែរ។ ចំពោះស្នូលវិញគឺអ្នកអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត ប៉ុន្តែចំពោះរូបមន្តខាងក្រោមនេះគឺប្រើសាច់មាន់ជាមួយនឹងគល់ស្លឹកគ្រៃ។
តោះមករៀនធ្វើគាវសាច់មាន់ ដែលមានរសជាតិឆ្ងាញ់ទាំងអស់គ្នា!
#គ្រឿងផ្សំ(ធ្វើបាន៥០គាវ)៖
•សាច់មាន់ កន្លះគីឡូ
•ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
•ខ្ញីចិញ្ច្រាំ ១ស្លាបព្រាបាយ
•គល់ស្លឹកគ្រៃចិញ្រ្ចាំឲ្យម៉ត់ ២ស្លាបព្រាបាយ
•ម្ទេសប្លោកហាន់តូចៗ ១ភាគ៤នៃពែង
•ស្លឹកខ្ទឹមចិញ្ច្រាំ ៣ដើម
•ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
•ប្រេងល្ង ១ស្លាបព្រាបាយ
•ទឹកម្ទេស ២ស្លាបព្រាបាយ
•អំបិល មួយចឹប
•សម្បកគាវ ៥០សន្លឹក
•ប្រេងឆា ១ ស្លាបព្រាបាយ
•ទឹកស្អាត កន្លះពែង
# វិធីធ្វើ៖
១. ហាន់និងចិញ្ច្រាំខ្ញី ខ្ទឹមស ស្លឹកខ្ទឹម ម្ទេសប្លោក និងគល់ស្លឹកគ្រៃឲ្យម៉ត់ល្អ។
២. បង់ខ្ញី ខ្ទឹមស ស្លឹកខ្ទឹម ម្ទេសប្លោក គល់ស្លឹកគ្រៃចិញ្ច្រាំទាំងនោះចូលទៅក្នុងសាច់មាន់ថែមទាំងចាក់ទឹកស៊ីអ៊ីវ ប្រេងល្ង ទឹកម្ទេស អំបិលចូលផងដែររួចលាយគ្នាឲ្យសព្វ។
៣. យកសម្បកគាវមក រួចដួសស្នូលសាច់មាន់បន្តិចមកដាក់ចំកណ្តាលរួចរុំឲ្យជិត។
៤. នៅពេលរុំគាវរួចរាល់ហើយ អ្នកអាចរក្សាទុកខ្លះដើម្បីញុំាលើកក្រោយបានដោយគ្រាន់តែក្លាសេក្នុងទូទឹកកកគឺជាការស្រេច។ ហើយដើម្បីចម្អិនគាវ អ្នកអាចចំហុយឬចៀនក៏បានតាមចំណង់ចំណូលចិត្ត។
៥. ប្រសិនបើអ្នកចូលចិត្តគាវដែលស្រួយ អ្នកអាចយកជម្រើសចៀនបាន។ ដោយដាក់ខ្ទះ ដាក់ប្រេងឆារួចចាំឲ្យក្តៅសឹមដាក់គាវចូលចម្អិន។
៦. ចាំប្រហែល២ទៅ៣នាទីរហូតដល់ខាងក្រោមគាវមើលទៅស្រួយរួចចាក់ទឹកចូលហើយបិទគំរបទុកចោល ១០ទៅ១២នាទី។
៧. ចាំរហូតដល់ទឹកនោះរីងអស់ហើយគាវចាប់ផ្តើមស្រួយវិញនោះគាវរបស់អ្នកនឹងឆ្អិនរួចរាល់។
៨. បន្ទាប់មកអ្នកអាចជ្រលក់គាវជាមួយនឹងទឹកស៊ីអ៊ីវបានដើម្បីបង្កើនរសជាតិអោយកាន់តែឆ្ងាញ់៕
ប្រភព ៖ បរទេស