គិតត្រឹម ២៤ ម៉ោងចុងក្រោយ ថៃមានអ្នកស្លាប់រហូតដល់ ២៤០ នាក់

ថៃ៖ យោងតាមប្រភពព័ត៌មានច្បាស់ការ បាំងកកប៉ុស្តិ៍ ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ បានបង្ហាញពីទិន្នន័យនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៤០ នាក់ថ្មីបន្ថែមទៀត និងករណីឆ្លងថ្មីផ្សេងទៀតចំនួន ១៩.៨៥១ ករណី ដោយគិតត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះ។

Photo_2021 06 04_13 13 23

បើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថៃ បានឱ្យដឹងថា ចំនួនអ្នកឆ្លងសរុបបានកើនឡើងលើសពី ១ លាននាក់ហើយ ដោយក្នុងចំណោម ១៩.៥២៦ ករណី មាន ៣២៥ ករណីជាអ្នកទោសក្នុងពន្ធនាគារផងដែរ។


ប្រភពដដែល ក៏បានបង្ហាញទិន្នន័យបន្ថែមទៀត អំពីចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស ដែលកើនរហូតដល់ ១.០០៩.៧១០ ករណី (រាប់តាំងពីករណីទី១ នៅក្នុងប្រទេស) និងសរុប ៧៩៥.៨០៥ នាក់ បានជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា បើរាប់ចាប់តាំងពីថ្ងៃទី ១ ខែមេសា (រលកទី ៣ នៃជំងឺកូវីដ-១៩) ថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៨០.៨៤៧ នាក់ និង ៧៦៨.៣៧៩ នាក់បានជាសះស្បើយ។ ដោយឡែក ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ២០.៤៧៨ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។

បច្ចុប្បន្ន ថៃមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបទាំងអស់ ៨.៨២៦ នាក់ ប៉ុន្តែចំនួនដែលគួរឱ្យកត់សម្គាល់ ដោយរាប់ត្រឹមតែការឆ្លងរីករាតត្បាតនៃរលកទី ៣ គឺមានអ្នកស្លាប់រហូតដល់ ៨.៧៣២ នាក់