បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានគេលបបាញ់សម្លាប់ក្នុងអំឡុងពេលលោកធ្វើសុន្ទរកថានៃយុទ្ធនាការមួយនៅទីក្រុងណារ៉ាភាគខាងលិចនៃប្រទេសជប៉ុន ។ក្នុងនោះផងដែរ ប៉ូលិសជប៉ុនបានប្រាប់សារព័ត៌មានក្នុងស្រុកថា លោក Abe ទំនងជាត្រូវបានគេបាញ់ពីក្រោយដោយកាំភ្លើងខ្លី ហើយគាត់ត្រូវបានដួលភ្លាមៗនៅម៉ោងប្រហែល 11:30 ព្រឹកនេះ។
ខណៈពេលដែលមានទូរទស្សន៍ជាច្រើនបានចាក់ផ្សាយពីវីដេអូដែលគេបាញ់ប្រហារលោក Abe នៅទីតាំងកើតហេតុ គេបានសង្កេតឃើញថាលោក Abe បានដាក់ដៃនៅលើទ្រូងរបស់គាត់ក្នុងអំឡុងពេលដែលគាត់ដួលដោយអាវរបស់គាត់ប្រឡាក់ទៅដោយឈាមជាច្រើន។
អ្នកយកព័ត៌មានបានបន្តទៀតថា នៅកន្លែងកើតហេតុបានឮ "សំឡេងកាំភ្លើងផ្ទុះរហូតដល់ទៅពីរដងផ្ទួនគ្នា" ដែលត្រូវបានបាញ់ប្រហារដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅតាមផ្លូវក្បែរស្ថានីយ៍ Yamatosaidaiji ក្នុងទីក្រុងណារ៉ា។ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យភេទប្រុសម្នាក់មានអាយុ៤០ឆ្នាំ ក្រោមការសង្ស័យនៃការប៉ុនប៉ងមនុស្សឃាត ព្រោះនៅក្នុងដៃរបស់គាត់គឺមានកាន់កាំភ្លើង។
គួរបញ្ជាក់ផងដែរថា លោក Abe ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ចាប់ពីខែធ្នូ ឆ្នាំ២០១២ ដល់ខែកញ្ញា ឆ្នាំ ២០២០ ដែលលោកគឺជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន។ ហើយចំពោះស្ថានភាពលោកពេលនេះគឺមិនទាន់មានការសន្និដ្ឋានច្បាស់លាស់ណាមួយពីគ្រូពេទ្យនោះឡើយ តែបើមើលតាមសភាពជាក់ស្តែងគឺដូចជាគ្មានសង្ឃឹមនោះឡើយ។ យ៉ាងណាមិញប្រជាជនជប៉ុននាពេលនេះគឺគ្មានអ្វីក្រៅពីបួងសួងអោយលោកផុតពីគ្រោះថ្នាក់មួយនេះ៕
ប្រភព ៖ បរទេស