តៅហ៊ូស្អុយគឺជាតៅហ៊ូរបស់ប្រទេសចិនដែលមានក្លិនស្អុយខ្លាំង ហើយជាធម្មតាវាត្រូវបានលក់នៅទីផ្សារពេលយប់ ឬនៅតាមផ្លូវជាអាហារសម្រន់ និងជាម្ហូបបន្ទាប់បន្សំនៅក្នុងហាងអាហារមួយចំនួន។ នៅក្នុងប្រពៃណី តៅហ៊ូស្អុយត្រូវបានគេដាក់ផ្អាប់ជាមួយបន្លែនិងសាច់ក្នុងរយៈពេលមួយខែ។
យោងតាមរឿងព្រេងចិន អ្នកប្រាជ្ញម្នាក់ឈ្មោះ Wang Zhihe (王致和) មកពី Huang Shan ក្នុងខេត្ត Anhui បានបង្កើតតៅហ៊ូស្អុយនេះនៅក្នុងរាជវង្សឆេង។ ក្រោយពីបរាជ័យក្នុងការប្រឡងជ្រើសរើសនិស្សិត លោក Wang បានស្នាក់នៅទីក្រុងប៉េកាំង ហើយពឹងផ្អែកលើការលក់តៅហ៊ូដើម្បីចិញ្ចឹមជីវិត។ លុះថ្ងៃមួយ ដោយសារតែលក់តៅហ៊ូសល់ច្រើនពេក គាត់ក៏បានកាត់តៅហ៊ូជាដុំបួនជ្រុងតូចៗ ហើយដាក់វាចូលទៅក្នុងពាងដី។ ប៉ុន្មានថ្ងៃក្រោយមក នៅពេលគាត់បានបើកពាងនោះមើល ក៏ឃើញថាតៅហ៊ូប្រែទៅជាពណ៌លឿង និងមានក្លិនស្អុយខ្លាំង។ ដំបូងឡើយ គាត់បានសាកភ្លក់វាល៎មើល ស្រាប់តែដឹងថាវាមានរសជាតិឆ្ងាញ់គាត់ក៏បានសម្រេចចិត្តចាប់ផ្តើមលក់វានៅហាងរបស់គាត់។ ក្រោយមកតៅហ៊ូដែលមានក្លិនស្អុយដែល Wang Zhihe បានបង្កើត ចាប់ផ្តើមទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងត្រូវបានបម្រើជាអាហារនៅរាជវាំងរាជវង្សឆេងថែមទៀតផង។ ហើយមកដល់បច្ចុប្បន្ន មុខម្ហូបមួយនេះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅតៃវ៉ាន់។
គួរឲ្យដឹងដែរថា តៅហ៊ូស្អុយគឺអាចបរិភោគបានទាំងធម្មតា ចំហុយ ឬ ជាទូទៅគេចៀនវាឲ្យឆ្អិន ហើយជារឿយៗវាត្រូវបានទទួលទានអមដោយទឹកស៊ីអ៊ីវ។ ក្រោយមកតៅហ៊ូមួយនេះចាប់ផ្តើមពណ៌ប្រែប្រួលពីពណ៌លឿង ទៅពណ៌ខ្មៅ។ រីឯរសជាតិតៅហ៊ូស្អុយវិញ ជួនកាលត្រូវបានមនុស្សមួយចំនួនប្រៀបធៀបវាទៅនឹងរសជាតិនៃឈីសពណ៌ខៀវ ខណៈដែលអ្នកផ្សេងទៀតបានប្រៀបធៀបវាទៅនឹងសាច់ដែលរលួយ។ តែយ៉ាងណាមិញ មកទល់នឹងឥឡូវនេះគេក៏ឃើញមានវត្តមានតៅស៊ូស្អុយចរាចរនៅក្នុងប្រទេសយើងផងដែរ ជាពិសេសវាទទួលបានការពេញនិយមជាខ្លាំង៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ឡុងស្រីណុច
រក្សាសិទ្ធដោយ៖ ក្នុងស្រុក