នំសែនលោកខែគឺជានំម្យ៉ាងដែលតែងតែលេចវត្តមានមកនៅក្នុងអំឡុងពេលបុណ្យសែនលោកខែដែលស្ថិតនៅក្នុងខែទី៨នៃចិន ដែលត្រូវជាខែកញ្ញា ឬ តុលានៅក្នុងប្រតិទិនសរិយគតិរបស់ខ្មែរ។ ហើយក្នុងនោះផងដែរ នំសែនព្រះខែមានប្រវត្តិដ៏ជូរចត់នៅពីក្រោយវា ដែលរឿងនោះបានតំណាលថា៖
នៅសម័យបុរាណ មានវីរៈបុរសម្នាក់ឈ្មោះ ហ៊ូ យី (Hou Yi) ដែលពូកែខាងបាញ់ធ្នូ និងមានប្រពន្ធឈ្មោះឆាងអឺ Chang'e ។ ដោយកាលជំនាន់នោះមួយឆ្នាំព្រះអាទិត្យដប់រះលើមេឃរួមគ្នាដែលបង្កមហន្តរាយយ៉ាងខ្លាំងដល់មនុស្សម្នា ដូច្នេះហើយហ៊ូ យី ក៏បានបាញ់ទម្លាក់ព្រះអាទិត្យប្រាំបួន ហើយទុកតែមួយគត់ដើម្បីផ្តល់ពន្លឺមកភពផែនដី។
ដោយឃើញថាហ៊ូ យីជាមនុស្សពូកែ ស្តេចក៏បានកោតសរសើរដល់គាត់ និងបានប្រទានថ្នាំអមតៈដែលផឹកហើយអាចហោះទៅលើមេឃបាន។ ដោយហេតុថាហ៊ូ យីមិនចង់ចាកចេញពីឆាងអឺ ហើយក្លាយជាអមតៈដោយគ្មាននាង ដូច្នេះគាត់ក៏បានឱ្យឆាងអឺរក្សាទុកថ្នាំអមតៈនោះ តែជាអកុសល ប៉េង ម៉េង ដែលជាកូនជាងម្នាក់របស់គាត់បានដឹងអាថ៌កំបាំងនេះ។
លុះដល់ថ្ងៃទី១៥ ខែសីហា តាមប្រតិទិនចន្ទគតិរបស់ចិន នៅពេលដែលហ៊ូ យីចេញទៅបរបាញ់ ប៉េងម៉េង បានឆ្លៀតឱកាសចូលផ្ទះរបស់ហ៊ូ យី ហើយបង្ខំឱ្យ ឆាងអឺ ផ្តល់ថ្នាំអមតៈនោះមកឲ្យគាត់។ ប៉ុន្តែឆាងអឺបានបដិសេធ រួចនាងក៏បានផឹកថ្នាំនោះនិងហោះទៅលើមេឃបាត់។
ក្រោយពីឆាងអឺបានហោះទៅលើមេឃ ដោយហេតុតែនាងស្រលាញ់ប្តីពេក ហើយសង្ឃឹមថានឹងបានរស់នៅក្បែរប្តីរបស់ខ្លួន នាងក៏បានជ្រើសរើសព្រះច័ន្ទសម្រាប់ការស្នាក់នៅរបស់នាង។
ក្រឡេកមកមើលហ៊ូ យីវិញ ក្រោយត្រឡប់មកពីបរបាញ់ ហើយដឹងថាមានអ្វីកើតឡើង គាត់ក៏មានអារម្មណ៍ក្រៀមក្រំនិងនឹកនាឆាងអឺជាខ្លាំង ដូច្នេះគាត់តែងតែ ដាក់ផ្លែឈើ និងនំដែលឆាងអឺចូលចិត្តនៅក្នុងទីធ្លាមុខផ្ទះ ដើម្បីឧទ្ទិសដល់ភរិយា។
មិនយូរប៉ុន្មាន មនុស្សម្នានៅតំបន់នោះបានដឹងអំពីសកម្មភាពទាំងនេះ ហើយដោយសារពួកគេអាណិតដល់ឆាងអឺផងនោះ ពួកគេក៏បានចូលរួមក្នុងការឧទ្ទិសជាមួយហ៊ូ យី ៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ឡុងស្រីណុច
រក្សាសិទ្ធដោយ៖ ក្នុងស្រុក