តាំងពីបុរមបុរាណមក ព្រះសង្ឃតែងតែសូត្រធម៌ បរាភវសូត្រ នៅអំឡុងម៉ោងប្រមាណ៤ទាបភ្លឺតាមទីវត្តអារាមទាំងអស់នៅក្នុងប្រទេសឲ្យតែដល់រដូវភ្ជុំ។ ក្នុងនោះអ្នកប្រាជ្ញផ្នែកពុទ្ធសាសនាបានបញ្ជាក់ថា ប្រការដែលគេលើកយកធម៌ បរាភវសូត្រ មកសូត្រនៅរដូវភ្ជុំបិណ្ឌម្តងៗនោះពីព្រោះធម៌នេះមានអត្ថន័យជ្រាលជ្រៅ និងមានគុណប្រយោជន៍សម្រាប់ជួយមនុស្សទូទៅឲ្យយល់ដឹងពីហេតុ ឬ អំពើណាមួយដែលនាំមកនូវសេចក្តីសុខចម្រើន និងហេតុណាមួយដែលនាំមកនូវសេចក្តីវិនាសអន្តរាយ។
បើយោងតាមព្រះតេជគុណ ញែម គឹមតេង បានមានព្រះថេរដីការថា បរភាវសូត្រនេះគឺជាធម៌មួយក្នុងចំណោមធម៌សូត្រជាច្រើនទៀត ដែលព្រះសម្មាសម្ពុធទ្រង់បានត្រាស់សម្តែងឡើងដើម្បីបង្ហាញផ្លូវដល់មនុស្ស ក៏ដូចជាទេវត្តាថាអំពើណាមួយគួរចៀសវាង ហើយអំពើណាមួយដែលគួរប្រព្រឹត្តិដើម្បីជាប្រយោជន៍ដល់ខ្លួន និងអ្នកដទៃ។ តាមពិតទៅធម៌ដទៃទៀតក៏សុទ្ធតែមានឱវាទទូន្មានដល់មនុស្សគ្រប់គ្នាឲ្យធ្វើតែអំពើល្អ និងចៀសវាងពីអំពើបាបផងដែរ តែសម្រាប់ធម៌ បរាភវសូត្រ នេះត្រូវបានគេជ្រើសយកមកជាធម៌សម្រាប់សូត្រនៅក្នុងរដូវភ្ជុំបិណ្ឌតាំងពីជំនាន់បុរាណមកម្ល៉េះ ហើយក៏នៅតែមានបន្តមកដល់បច្ចុប្បន្ននេះ៕
ប្រភព ៖ អ៊ីនធើណេត
កែសម្រួលដោយ៖ ឡុងស្រីណុច