7-Eleven គឺជាម៉ាតដែលមានភាពល្បីល្បាញ និងពេញនិយមបំផុតនាសម័យបច្ចុប្បន្ននេះ ដែលមានលក់ទំនិញជាច្រើនមុខដូចជាអាហារ ភេសជ្ជៈ និងផលិតផលប្រើប្រាស់មិនក្រោម 60,000មុខនោះឡើយ ហើយភាគច្រើនគេឃើញមានម៉ាតនេះនៅអាមេរិកខាងជើង និងក្នុងតំបន់អាស៊ី។
គួរឲ្យដឹងដែរថាម៉ាត 7- Eleven នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1927 មកម្ល៉េះ ដោយដំបូងវាគ្រាន់តែជាកន្លែងលក់ទឹកកកតែប៉ុណ្ណោះ ព្រោះជំនាន់នោះមិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នោះទេ ដូច្នេះគេត្រូវការទឹកកកជាចាំបាច់សម្រាប់ក្លាសេសាច់ និងបន្លែជាដើម។ តែមិនយូរប៉ុន្មាន ដោយសារតែតម្រូវការទឹកកកកើនឡើងខ្លាំង កន្លែងលក់ទឹកកកមួយនេះក៏បានចូលរួមជាមួយកន្លែងលក់ទឹកកកផ្សេងទៀត ក្លាយជាក្រុមហ៊ុនមួយដែលមានឈ្មោះថា Southland Ice ក្នុងឆ្នាំ 1931ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទឹកកកទៅកាន់អតិថិជន។
មិនយូរប៉ុន្មានដោយឃើញថាអតិថិជនមានតម្រូវការដូចជាទឹកដោះគោ នំបុ័ង និងពងទាជាដើម ក្រុមហ៊ុន Southland Ice ក៏បានដាក់ឥវ៉ាន់ទាំងនេះលក់នៅក្នុងហាងជាការសាកល្បង។ តែដោយឃើញថាមានសន្ធឹកនៃការគាំទ្រច្រើនពីអតិថិជន ដូច្នេះក្រុមហ៊ុនក៏សម្រេចចិត្តដាក់លក់ទាំងរបស់របរប្រើប្រាស់ប្រចាំថ្ងៃទៅគ្រប់សាខាហាងទឹកកកដែលខ្លួនគ្រប់គ្រង។ ដោយកាន់តែទទួលបានភាពជោគជ័យ លុះមកដល់ឆ្នាំ 1999 ក្រុមហ៊ុន Southland Corp. បានប្តូរឈ្មោះខ្លួនឯងថា 7-Eleven ដែលជាអក្សរកាត់របស់ម៉ោងប្រតិបត្តិការបន្ថែមរបស់ពួកគេ ពោលគឺ ចាប់ពីម៉ោង 7:00 ព្រឹកដល់ម៉ោង 11:00 យប់ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ ហើយពួកគេបានបន្តពង្រីកក្រុមហ៊ុនរហូតបានបើកហាងចល័តររបស់ខ្លួនចំនួន 25,000 កន្លែងនៅក្នុងអំឡុងឆ្នាំ 2003។ លុះមកដល់ខែវិច្ឆិកា ឆ្នាំ 2005 ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Seven & i Holdings ដែលជាក្រុមហ៊ុនលក់រាយចម្រុះ៕
ប្រភព៖ បរទេស