ទោះបីជាប្រទេសប្រ៊ុយណេជាប្រទេសមួយមិនសូវទទួលបានភ្ញៀវច្រើនដូចប្រទេសជិតខាងក្តី តែប្រទេសមួយនេះគឺសម្បូរទៅដោយសម្រស់ធម្មជាតិ និងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ យ៉ាងណាមិញ ក្នុងនោះប្រ៊ុយណេក៏មានបង្កើតច្បាប់មួយចំនួនឡើង និងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង ចាប់ពីការកាត់ទោសរហូតដល់ការជាប់ពន្ធនាគាររយៈពេលវែងថែមទៀតផង។ហើយខាងក្រោមនេះគឺជារឿង ១0យ៉ាង ដែលជាអំពើខុសច្បាប់នៅប្រទេសប្រ៊ុយណេ ដែលអ្នកគួរតែដឹងមុនពេលធ្វើដំណើរកំសាន្តទៅកាន់ប្រទេសមួយនេះ៖
១.ទិញស្រា និងផឹកនៅទីសាធារណៈ
ច្បាប់ Sharia ដ៏តឹងរឹងរបស់ប្រ៊ុយណេ គឺហាមឃាត់ការលក់គ្រឿងស្រវឹង។ ប៉ុន្តែវាមិនមែនជាដំណឹងអាក្រក់ទាំងអស់សម្រាប់អ្នកចូលចិត្តផឹកស្រានោះទេ ព្រោះបើអ្នកមិនមែនជាមូស្លីម ហើយមានអាយុលើសពី 17 ឆ្នាំ នោះអ្នកអាចនាំយកស្រាពីរលីត្រ ឬស្រាបៀរ 12 កំប៉ុងចូលក្នុងប្រទេសរៀងរាល់ 48 ម៉ោងម្តង ដោយភ្ជាប់ជាមួយនឹងការបំពេញទម្រង់បែបបទគយនៅអាកាសយានដ្ឋាន ហើយរក្សាគ្រឿងស្រវឹងទាំងនោះនៅជាមួយអ្នកគ្រប់ពេល ក្នុងករណីមានការត្រួតពិនិត្យ។ ម្យ៉ាងទៀតអ្នកទេសចរអាចផឹកស្រានៅក្នុងបន្ទប់សណ្ឋាគារ ឬកន្លែងស្នាក់នៅឯកជន ដរាបណាឲ្យតែពួកគេមិនស្រវឹងនៅទីសាធារណៈ។
២.ច្បាប់ "ជិតស្និទ្ធ"
នៅប្រទេសប្រ៊ុយណេសម្រាប់បុរស និងស្ត្រីដែលមិនមែនជាសាច់ញាតិ ឬ ធ្លាប់រៀបការម្តងហើយ គឺមិនអាចរស់នៅជាមួយគ្នានោះទេ។ ហើយច្បាប់នេះគឺអនុវត្តចំពោះតែជនមូស្លីមប្រ៊ុយណេប៉ុណ្ណោះ ប៉ុន្តែជួនកាលការដាក់ទណ្ឌកម្មអាចមានភាពធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលអាជ្ញាធរសង្ស័យថាមានការផិតក្បត់។
៣.អំពើផិតក្បត់
ការប្រព្រឹត្តអំពើផិតក្បត់គឺជាត្រូវបានគេចាត់ទុកថាខុសច្បាប់ក្នុងប្រទេសប្រ៊ុយណេ ហើយអាចអនុវត្តទោសដូចជាការគប់ដុំថ្មរហូតដល់ស្លាប់។ ច្បាប់នេះទំនងជាមិនប៉ះពាល់ដល់អ្នកទេសចរទេ លុះត្រាតែវាពាក់ព័ន្ធនឹងជនជាតិប្រ៊ុយណេ ឬមូស្លីម។
៤.គូស្វាមីភរិយាដែលមិនទាន់រៀបការត្រូវនៅបន្ទប់សណ្ឋារគារខុសគ្នា
សម្រាប់គូស្នេហ៍ដែលមិនទាន់រៀបការ ត្រូវចែកបន្ទប់សណ្ឋារគារនៅដាច់ពីគ្នា ដោយច្បាប់នេះត្រូវបានគេអនុវត្តយូរអង្វែងមកហើយ។
៥.LGBTQ
គួរឲ្យសោកស្ដាយ ការស្រឡាញ់ភេទដូចគ្នាគឺខុសច្បាប់យ៉ាងតឹងរ៉ឹងនៅប្រទេសប្រ៊ុយណេ។ បើទោះជាមានការឯកភាពក៏ដោយ ក៏វានៅតែប្រឆាំងនឹងច្បាប់។
៦.ការទទួលទានអាហារក្នុងខែរ៉ាម៉ាដាន
ក្នុងអំឡុងខែតមអាហារ វាជារឿងខុសច្បាប់ក្នុងប្រទេសប្រ៊ុយណេ ដែលអ្នកណាម្នាក់ញ៉ាំ ផឹក ឬជក់បារីនៅទីសាធារណៈ។ អ្នកស្រុកមូស្លីមអាចប្រឈមមុខនឹងការស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរសម្រាប់ការទទួលទានអាហារក្នុងខែរ៉ាម៉ាដានដោយគ្មានហេតុផលគួរឱ្យជឿជាក់។ ច្បាប់នេះក៏អនុវត្តផងដែរចំពោះអ្នកទេសចរដែលមិនមែនជាមូស្លីម ហើយជនល្មើសអាចប្រឈមនឹងការផាកពិន័យរហូតដល់ 4,000 ដុល្លារ B (2,932 ដុល្លារ) ឬជាប់គុកមួយឆ្នាំ។
៧.អាសអាភាស
ដូចប្រទេសមូស្លីមភាគច្រើន ការកាន់កាប់ និងការចែកចាយរូបភាពអាសអាភាសគឺខុសច្បាប់យ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសប្រ៊ុយណេ សូម្បីតែការចែករំលែករូបភាពនៅលើ Facebook និង Instagram!
៨.គ្រឿងញៀន
ខណៈពេលដែលស្ទើរតែគ្រប់ប្រទេសហាមឃាត់គ្រឿងញៀន ប្រ៊ុយណេក៏ស្ថិតក្នុងចំណោមនោះផងដែរ ដោយអ្នកប្រើប្រាស់និងចែកចាយគ្រឿងញៀន ជាធម្មតាត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតជាគំហិត ។
៩.បុណ្យណូអែល
បុណ្យណូអែលគឺខុសច្បាប់នៅក្នុងប្រទេសប្រ៊ុយណេ ហើយចំពោះគ្រិស្តបរិស័ទគឺអាចចូលរួមក្នុងព្រះវិហារ និងប្រារព្ធពិធីជាលក្ខណៈឯកជនបាន ប៉ុន្តែក៏ចាំបាច់ត្រូវជូនដំណឹងដល់អាជ្ញាធរជាមុនសិនដែរ ដើម្បីការពារតួនាទីរបស់សាសនាឥស្លាមនៅប្រទេសប្រ៊ុយណេ។
១០.ការស្នាក់នៅហួសវីសា
យោងតាម Gov.uk នរណាម្នាក់ដែលស្នាក់នៅហួសវីសារបស់ខ្លួនគឺប្រឈមនឹងការពិន័យយ៉ាងតឹងរ៉ឹង។ អាស្រ័យលើហេតុផល និងកាលៈទេសៈ ការដាក់ទណ្ឌកម្មអាចមានចាប់ពីការផាកពិន័យ ឬទោសដាក់ពន្ធនាគាររយៈពេលខ្លី រហូតដល់ការកាត់ទោសថែមទៀតផង៕
ប្រភព ៖ បរទេស