បរទេស៖ ផ្សិតដង្កូវត្រូវបានគេរកឃើញនៅតំបន់ខ្ពង់រាបទីបីតាន និង ខេត្តមួយចំនួនដូចជា ស៊ីឈាន់ ស៊ាងហៃ យូណាន កាន់ស៊ូ និង ទីបេ ដែលសម័យមុនប្រជាជនចិន ចាត់ទុកវាជាសាកសពដង្កូវធម្មតាតែប៉ុណ្ណោះ រហូតដល់ជំនាន់ក្រោយៗមកទៀតទើបគេសិក្សារកឃើញថាវាជាផ្សិតម្យ៉ាងដែលដុះពីសាកសពដង្កូវ និងជាឱសថបុរាណដ៏កម្រ ដែលអាចព្យាបាលជំងឺបានយ៉ាងសាកសិទ្ធហើយថែមទាំងមានតម្លៃថ្លៃថែមទៀតផង ដោយពួកគេលក់វាបាន 140000$ ក្នុងមួយគីឡូក្រាម ។
នៅរដូវក្ដៅកំឡុង ខែមេសា ឬខែឧសភា ដង្កូវចាប់ផ្តើមងាប់ដោយសារតែឆ្លងមេរោគផ្សិត ដោយធាតុបង្កម្យ៉ាងឈ្មោះថា “ophiocordyceps sinensis” បន្ទាប់មកមេរោគផ្សិតនោះ អាចគ្រប់គ្រងខួរក្បាលរបស់ដង្កូវ និងបង្ខំវាឱ្យលូនទៅលើផ្ទៃដី។ មិនតែប៉ុណ្ណោះ នៅពេលដែលវាលេចចេញរូបរាងមកលើផ្ទៃដីហើយ វាថែមទាំងបញ្ចេញនូវពន្លកដើម្បីចម្លងបាក់តេរីទៅលើដង្កូវផ្សេងទៀតអោយងាប់ និងក្លាយជាផ្សិតដង្កូវដូចជាវាដែរ។
ដោយសារតែវាជាឱសថដែលកម្រ និងមានតម្លៃខ្ពស់នៅលើទីផ្សារ វាបានជម្រុញប្រជាជនចិនមួយចំនួនផ្លាស់ទីលំនៅ ទៅរស់នៅតំបន់ដែលមានផ្សិតដង្កូវទាំងនោះដើម្បីស្វែងរក និងលក់វា បន្ទាប់មកពួកគេក៏ចាប់យកវាធ្វើជាមុខរបរជាក់លាក់តែម្តង។
ផ្សិតដង្កូវត្រូវបានគេជឿថាអាចព្យាបាលជំងឺរបេង ក្អក ស្លេកស្លាំង ឈឺខ្នង និងជង្គង់។ សព្វថ្ងៃផ្សិតដង្កូវត្រូវបានគេប្រើជាឱសថចម្បងសម្រាប់ប៉ូវកំលាំងដើម្បីបង្កើនភាពរឹងមាំ ឬសម្រាប់ការព្យាបាលបន្ទាប់ពីការរងរបួសធ្ងន់ធ្ងរ ហើយអ្នកខ្លះជឿថាផ្សិតដង្កូវក៏អាចកាត់បន្ថយស្ត្រេសផងដែរ។ ផ្សិតដង្កូវគឺជាឱសថបុរាណដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាថ្នាំប៉ូវកំលាំងនិង ថ្នាំព្យាបាលដោយជនជាតិចិនរាប់រយឆ្នាំមកហើយ៕
ប្រភព៖ បរទេស