តំបន់ Calico ដែលគេស្គាល់ថាជាភូមិខ្មោច មានទីតាំងនៅវាលខ្សាច់ដ៏ធំមួយក្នុងប្រទេសកាលីហ្វ័រញ៉ា។ ពីដំបូងនៅទីនោះគ្មានមនុស្សនៅទេ ព្រោះវាគ្រាន់តែជាវាលខ្សាច់ធម្មតាតែប៉ុណ្ណោះ។ រហូតដល់គេរកឃើញថានៅវាលខ្សាច់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ានោះមានរ៉ែ មាសនិងប្រាក់ ដែលជាកត្តាជំរុញឱ្យមនុស្សរាប់ពាន់នាក់ធ្វើដំណើរឆ្ពោះទៅកាន់ទីនោះដើម្បីស្វែងរកសំណាងរបស់ពួកគេ។
អ្នកប្រាកដជាឆ្ងល់ហើយថា តើហេតុអ្វីបានជាខាលីកូក្លាយជាទីក្រុងខ្មោច? តាមពិតទៅវាមិនមែនដោយសារតែអគ្គិភ័យឆាបឆេះដូចកន្លែងផ្សេងទៀតនោះទេ ទោះបីផ្នែកខ្លះនៃទីក្រុងធ្លាប់មានអគ្គិភ័យ និងត្រូវបានសាងសង់ឡើងវិញក៏ដោយ ហើយវាក៏មិនមែនបណ្តាលមកពីជំងឺដែលរាលដាលដល់ទីប្រជុំជនជាច្រើនក្នុងសម័យនោះដែរ។ មូលហេតុដែលបណ្តាលអោយ Calico បិទទ្វារ និងលែងមានមនុស្សរស់នៅនោះគឺ ដោយសារតែវិបត្តិសេដ្ឋកិច្ចដោយតម្លៃប្រាក់បានធ្លាក់ចុះដល់កម្រិតដែលការធ្វើអាជីវកម្មរ៉ែលែងមានតទៅទៀត ។
បន្ទាប់ពីត្រូវបានគេបោះបង់ចោលយ៉ាងយូរ Calico ត្រូវបានគេរៀបចំឡើងវិញនៅអំឡុងឆ្នាំ ១៩៥០ ដោយលោក Walter Knott ដែលគាត់បានកែប្រែទីក្រុងខ្មោចនេះ ក្លាយជាកសិដ្ឋានរបស់ Knott's Berry។ ប៉ុន្តែក្រោយមកគាត់ក៏បានសម្រេចចិត្តបរិច្ចាគទីក្រុងនេះអោយគេធ្វើជាឧទ្យានក្នុងតំបន់សម្រាប់ភ្ញៀវទេសចរមកទស្សនាកំសាន្ត។
ទោះជាវាជាតំបន់ដែលស្ងាត់ជ្រងំ និងគួរអោយខ្លាចក៏ដោយ ប៉ុន្តែ Calicoនៅតែមានភាពល្បីល្បាញមកដល់សព្វថ្ងៃដោយសារតែមានភ្ញៀវទេសចរណ៍ជាច្រើនដែលតែងតែធ្វើដំណើរកំសាន្តទៅទស្សនាទីក្រុងខ្មោចមួយនេះ ព្រោះតែពួកគេចង់ឃើញនៅទិដ្ឋភាពហាងចាស់ៗ, ទីកន្លែងរុករកមាស ព្រមទាំងផ្ទះដែលមានម៉ូតបុរាណៗទាំងនោះ៕
ប្រភព៖ បរទេស